កាលបរិច្ឆេទ: ០៨ សីហា ២០២៥ / កសិកម្ម / Author : admin
ការប្រកួតប្រជែងដណ្តើមពានរង្វាន់ The Great Taste Awards ២០២៥ ដ៏មានកិត្យានុភាព ដែលរៀបចំឡើងដោយគ្រឹះស្ថានបោះពុម្ពផ្សាយទស្សនាវដ្តីឧស្សាហកម្មស្តីពីអាហារឆ្ងាញ់ៗ បានផ្តល់មេដាយលំដាប់ផ្កាយពីរទៅក្រុមហ៊ុនខនហ្វីរេលសម្រាប់ផលិតផលទឹកស៊ីរ៉ូត្នោតសរីរាង្គរបស់ខ្លួន ដែលបញ្ជាក់ពីភាពល្អឥតខ្ចោះរបស់ផលិតផលខ្មែរមួយនេះនៅលើឆាកអន្តរជាតិ។
The Great Taste Awards គឺជាពានរង្វាន់ដ៏ធំមួយក្នុងចំណោមពានរង្វាន់ធំៗល្បីៗនៅលើពិភពលោកផ្នែកភ្លក់ផលិតផលកសិ-ចំណីអាហារ។ ការប្រកួតឆ្នាំ២០២៥ មានផលិតផលប្រមាណ១៤.៣៤០ មុខ នាំមកពី១១០ ប្រទេសផ្សេងៗគ្នា ហើយគណៈមេប្រយោគប្រមាណជាង ៥០០ រូបដែលសុទ្ធសឹងជាមេចុងភៅចំណានៗ ជាអ្នកមានអាជីពខាងភ្លក់អាហារដើម្បីដាក់ចំណាត់ថ្នាក់ អ្នកបច្ចេកទេស និងអ្នកសារព័ត៌មានក្នុងវិស័យកសិ-ចំណីអាហារ ត្រូវភ្លក់អាហារទាំងអស់នោះដោយមិនដឹងពីប្រភពថាមកពីណានោះទេ។
ការទទួលបានមេដាយលំដាប់ផ្កាយពីរបញ្ជាក់ថា «ផលិតផលនេះគឺពិតជាឈ្ងុយឆ្ងាញ់ពិសេសមែន»។ ស្លាកគុណភាពនេះដែលគ្រប់គ្នាតែងប្រាថ្នាចង់បាន គឺមិនងាយនឹងទទួលបានដោយស្រួលៗនោះទេ ពោលគឺត្រូវឆ្លងកាត់ការភ្លក់ជាច្រើនតំណាក់កាលពីសំណាក់គណៈមេប្រយោគទាំង៥០០រូប និងមានលក្ខខណ្ឌតឹងរឹងយ៉ាងខ្លាំង។
ខនហ្វីរេលដែលជាក្រុមហ៊ុនដំបូងគេក្នុងការអភិវឌ្ឍន៍លើកតម្លៃផលិតផលស្ករត្នោត បានប្រើប្រាស់ស្ករត្នោតផលិតចេញជាផលិតផលសរីរាង្គដែលទទួលស្គាល់ថ្នាក់អន្តរជាតិ ដោយលើកកម្ពស់ចំណេះដឹងបែបប្រពៃណី និងកសិកម្មប្រកបដោយនិរន្តរភាព។ ទឹកស៊ីរ៉ូត្នោតខ្មែរមួយនេះបង្កប់ទៅដោយរសជាតិសម្បូរបែបរបស់ផលិតផលខ្មែរ ពោលគឺមានរសជាតិផ្អែមស្រទន់បែបធម្មជាតិលាយឡំជាមួយក្លិនឈ្ងុយតែមួយគ្មានពីរនៃស្ករត្នោតដែលរម្ងាស់ទៅជាទឹកស៊ីរ៉ូ។
ពានរង្វាន់នេះត្រូវបានបង្កើតឡើងក្នុងបរិបទបើកទូលាយទីផ្សារអឺរ៉ុប និងទីផ្សារពិភពលោកចំពោះផលិតផលដែលមានប្រភពច្បាស់លាស់ និងគោរពក្រមសីលធម៌។ ការផ្តល់រង្វាន់ទៅដល់ផលិតផល Thnot Organic Syrup របស់ក្រុមហ៊ុនខនហ្វីរេលសរសញ្ជាក់ពីការកើនឡើងនៃការឱ្យតម្លៃទៅលើផលិតផលសុទ្ធ ផលិតផលចំណីអាហារដែលមានប្រភពច្បាស់លាស់ ដែលគោរពបរិស្ថាន និងដែលមានគុណភាពខ្ពស់។
លើសពីមោទកភាពជាតិ ពានរង្វាន់ថ្នាក់អន្តរជាតិនេះអាចនឹងជួយជំរុញអ្នកផលិតជនជាតិខ្មែរផ្សេងទៀតឱ្យបង្កើនគុណភាពផលិតផលរបស់ខ្លួនឱ្យកាន់តែល្អឥតខ្ចោះ ដើម្បីមានឱកាសអាចទទួលបានទីផ្សារថ្មីៗទៀត និងដើម្បីទាក់ទាញឱ្យអ្នកចូលចិត្តអាហារឆ្ងាញ់ៗនៅលើពិភពលោកងាកមកចាប់អារម្មណ៍លើផលិតផលរបស់ខ្មែរយើង៕